គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពួតដៃគ្នាដើម្បីភាពអស្ចារ្យៈ ពិធីប្រកាសភាពជាដៃគូ​ពាណិជ្ជកម្ម​ផ្លូវការរវាងក្រុមហ៊ុន PPM & FAES Farma

កាលបរិច្ឆេទ: ១៣ មិថុនា ២០២៤ / សុខភាព / Author : ATH Sokren

ក្រុមហ៊ុន PPM ដែលជាសហគ្រាស​ផលិតឱសថធំបំផុតនៅកម្ពុជា មានសោមនស្សរីករាយប្រកាសជា​ផ្លូវ​ការ​ក្នុង​ការ​ចាប់​ដៃគូពាណិជ្ជកម្ម​ជាមួយក្រុមហ៊ុន ហ្វាអែស ហ្វាម៉ា (FAES Farma) របស់​ប្រទេស​អេស្ប៉ាញ ជាក្រុមហ៊ុនឱសថល្បីលំដាប់​ពិភពលោក។ ការសហការណ៍គ្នានេះ គឺជាចំណុចសំខាន់មួយក្នុងការប្តេជ្ញារបស់យើង​ក្នុងការផ្តល់ជូននូវផលិតផលឱសថ ដែលមានគុណភាពខ្ពស់ និងប្រកប​ដោយ​ភាព​ច្នៃប្រឌិតសម្រាប់​ទីផ្សារកម្ពុជា។

ពិធីប្រកាស​ភាពជា​ដៃ​គូនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ មិថុនា ២០២៤  នៅសណ្ឋាគារ សុខាភ្នំពេញ ក្រោមអធិបតីភាពរបស់ឧកញ៉ាឱសថបណ្ឌិត  ហៃ លីអ៊ាង ប្រធានអគ្គនាយក្រុមហ៊ុន​ផលិតឱសថ PPM និងលោក Alberto Montero នាយករងអន្តរជាតិ ក្រុមហ៊ុន FAES FARMA និង​មានការចូលរួមពីតំណាងក្រុមហ៊ុន PPM, ក្រុមហ៊ុន FAES Farma,​ វេជ្ជបណ្ឌិត ឱសថការី ម្ចាស់ឱសថស្ថាន និងដៃគូរពាណិជ្ជកម្មនានាមក​ពី​ទូទាំង​ប្រទេស​ផងដែរ។

ក្រុមហ៊ុន FAES FARMA មានវត្តមាននៅកម្ពុជាជាច្រើនឆ្នាំមកហើយ តាមរយៈផលិតផលដូចជា Dynamogen, Labixten, Ferroprotina, Potenciator, Positon និង Venosmil។ កាលពីដើមឆ្នាំ២០២៤ នេះ​ក្រុម​ហ៊ុន​Faes Farma  បានចូលរួមចាប់ដៃគូរយៈពេលវែងជាមួយ PPM Laboratories ដើម្បីពង្រីកទីផ្សាររបស់ពួកគេនៅក្នុងតំបន់។

បង្កើតឡើងតាំងពីឆ្នាំ ១៩៣៣ ក្នុងរយៈពេលជាង ៩០ឆ្នាំមកនេះ ក្រុមហ៊ុន Faes Farma បានក្លាយជាស្ថាប័ន ថែទាំសុខភាពសកល ដែលត្រូវបានទទួលស្គាល់ដោយសារតែភាពជឿជាក់ គុណភាព និងភាពច្នៃប្រឌិត។ FAES Farma ផ្តោតសំខាន់ចំពោះការស្រាវជ្រាវ, ការផលិត, ការចែកចាយឱសថ និងវត្ថុធាតុ​ដើមហើយផលិត​​​ផលរបស់ FAES ត្រូវបានចែកចាយរហូតដល់​១៣០ប្រទេសនៅជុំវិញពិភពលោក។

ក្នុងនាមជាអ្នកផលិត និងចែកចាយឱសថធំបំផុតមួយនៅកម្ពុជា ដែលមានការប្តេជ្ញាខ្ពស់​ចំពោះការផ្តល់ផលិត​ផលឱសថ ដែលមានគុណភាពខ្ពស់ ដោយផ្តោតសំខាន់ទៅលើភាពច្នៃប្រឌិត និងការពេញចិត្តរបស់អតិថិជនសហគ្រាស PPM មានមោទនភាពក្នុងការចូលរួមបង្កើនសុវត្ថិភាពសុខភាពសង្គមកម្ពុជា តាមរយៈការក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន FAES Farma នាពេលនេះ។

ឧកញ៉ាឱសថបណ្ឌិត  ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM បានលើកឡើងថា៖ «យើងគឺជាសហគ្រាសផលិតឱសថដែលមានវ័យចំណាស់ដូចគ្នា ព្រោះប៉េប៉េអឹមមានផលិតផលឱសថ «គីណាល់» ដែលបាន​បង្កើតឡើង​តាំងពីឆ្នាំ១៩៦០។ ហើយ FAES FARMA (ហ្វាអែស ហ្វាម៉ា) ក៏ដូចគ្នា គឺសហគ្រាសផលិតឱសថ ដែលមានវត្តមានតាំងពីមុនសង្គ្រាមលោកលើកទី២មកម្ល៉េះ។ ដូចនេះយើងទាំងពីរសុទ្ធតែជាសហគ្រាសផលិតឱសថចាស់ទុំដូចគ្នា ហើយនេះជាការធម្មតាទេ ដែលយើងចាប់ដៃគ្នា ដោយសារតែយើងសុទ្ធតែមានបទពិសោធដ៏សម្បូរបែបនៅក្នុងវិស័យឱសថសាស្រ្តនេះ។

ម្យ៉ាងវិញទៀតការចាប់ដៃគ្នារវាង PPM និង FAES ដោយសារតែយើងមានទិសដៅដូចគ្នា។ ជាពិសេសយើងមានផលិតផលប្រកបទៅដោយគុណភាពក្នុងការពង្រីកចូលទីផ្សាររួមគ្នា ព្រោះគ្រប់ផលិតផលទាំងអស់របស់ PPM និង FAES ជាផលិតផលដែលអាចឆ្លើយតបគ្នាទៅវិញទៅមកនៅលើទីផ្សារ។

យើងសង្ឃឹមថា ការចាប់ដៃគ្នារវាង PPM និង FAES ដែលសុទ្ធសឹងជាសហគ្រាសផលិតឱសថជើងចាស់ទាំងពីរនេះ នឹងធ្វើឱ្យគេកាន់តែស្គាល់ផលិតផលរបស់យើង ក៏ដូចជាការចែករំលែកនូវបទពិសោធល្អៗរៀងៗខ្លួនទៅវិញទៅមក ក្នុងការចូលរួមលើកតម្កើងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជារបស់យើងដោយទទួលបាននូវឱសថដែលមានគុណភាពល្អ និងសុវត្ថិភាពក្នុងការប្រើប្រាស់»។

លោក Alberto Montero តំណាង FAES Farma បានបន្ថែមថា៖ «កម្ពុជា គឺជា​​ទីផ្សារសំខាន់ ដែលជាផ្នែកមួយនៃផែនការពង្រីកវត្តមានរបស់យើងនៅអាស៊ីអាគ្នេយ៍ ហើយយើងមានជំនឿយ៉ាងមុតមាំថា PPM ដែលជាក្រុមហ៊ុនផលិត និងចែកចាយឱសថក្នុងស្រុកដ៏ធំ និង​ឈានមុខគេ ដែល​ផ្តោត​សំខាន់​ទៅ​លើ​​គុណភាព និងភាពច្នៃប្រឌិតខ្ពស់សម្រាប់ផលិត​ផលឱសថ គឺជាដៃគូដ៏ល្អបំផុតសម្រាប់​ក្រុមហ៊ុន FAES Farma»។​

ព្រឹត្តិការណ៍ «ការពួតដៃគ្នាដើម្បីភាពអស្ចារ្យ»  ឬ​ "Uniting for Excellence" នេះ គឺជាព្រឹត្តិការណ៍ដ៏
អស្ចារ្យមួយ ដែលបង្ហាញពីភាពស័ក្តិសម
ឥតខ្ចោះរវាង PPM Pharma និង FAES Farma។ ភាពជា​ដៃគូនេះមានគោលដៅរួមគ្នាក្នុងការនាំមកនូវផលិតផលឱសថ ដែលមានគុណភាពខ្ពស់ ដើម្បីលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍របស់យើង។